ប្រជាជនស្លូតត្រង់ត្រូវបង្ខំបែកបាក់គ្រួសារ ចោលផ្ទះ ស្រែចំការ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា
(ខេត្តឧត្តរមានជ័)៖ ផ្ទះធ្លាប់មានមនុស្សរស់នៅ ត្រូវបិទចាក់សោរចោល ហាងទំនិញតូចធំ មិនបានបើទ្វារដូចពេលមុន។
ផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ពុំមានមានអ្នកលក់ អ្នកទិញ។ ស្ថានភាពប្រែប្រួលខុសពីពេលមុន កើតឡើង ដោយសារប្រជាពលរដ្ឋមាន ការភ័យក្លាយ និងបង្ខំចិត្តភៀសសឹក ចោលលំនៅដ្ឋាន គេចចេញពីការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក នៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា។ មូលដ្ឋាននានារបស់ក្រុងសំរោង ដូចគ្នា ប៉ុន្មានថ្ងៃមុន ធ្លាប់មានមនុស្សអ៊ូអរ ទៅមក ក៏ត្រូវបានប្រែជាមានភាពស្ងាត់ជ្រងំ ជាក់ស្តែង ចាប់ពីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅពេលក្រុមការងារបណ្តាញ AMS បានមកដល់ ក្រុងសំរោង បានឃើញប្រជាពលរដ្ឋ បានបង្ខំចិត្តធ្វើដំណើរចេញពីមូលដ្ឋាន ផ្ទះសម្បែង ដើម្បីទៅរកកន្លែងសុវត្ថិភាព ព្រោះតែការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម នាពេលកន្លងមក ក្នុងទឹកដីកម្ពុជា ជាពិសេសក្នុងភូមិសាស្រ្ត ស្រុកបន្ទាយអំពិល និងមូលដ្ឋានមួយចំនួនទៀត របស់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅក្បែរនោះផងដែរ។
អ្នកស្រី អ៊ំ រី អ្នករស់នៅក្នុងក្រុងសំរោង បានបញ្ជាក់ថា ផ្សារសំរោងគ្មានអ្នកណាមកទិញ និងលក់ទេនៅពេលនេះ។ ប្រជាជនគាត់បានរត់ចេញទៅរស់នៅខាងក្រៅក្រុងអស់ហើយ។ ពួកគាត់បានលឺការបាញ់ប្រហារខ្លាំងៗ ហើយអ្នកខ្លះបានរត់ដាច់ស្បែកជើង។ អ្នកស្រីភ័យខ្លាចណាស់ នឹងបង្ខំចិត្តចេញទៅរកកន្លែងសុវត្ថិភាព។
អ្នកស្រី ភាវ ស្រីនិច ដែលរស់នៅសង្កាត់កូនក្រៀល ក្រុងសំរោងដូច បាននិយាយទាំងទឹកភ្នែក និងអោបកូនតូចជាប់នៅក្នុងដៃ ថាគាត់ត្រូវបង្ខំចិត្តចេញ មកតែជាមួយប្តី និងតូចៗចំនួន២នាក់ មករកមណ្ឌលសុវត្ថិភាព។ គាត់បង្ខំបែកគ្រួសារ បងប្អូន ឱពុកម្តាយចាស់ជរា មិនដឹងថាជួបគ្នាវិញពេលណា និងគ្រួសារគាត់ ជួបស្ថានភាពយ៉ាងណា នៅពេលរត់គេចពីការបាញ់ផ្លោង របស់កងទ័ពថៃនោះទេ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថាខេត្តឧត្តរមានជ័យមានភូមិសាស្រ្តប្រឈមខ្លាំង នៃជម្លោះប្រដាប់អាវុធ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា។ ជាបន្តបន្ទាប់ចាប់ផ្តើមពីព្រឹកព្រឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការវាយប្រហាររបស់ទ័ពថៃ នៅតំបន់ប្រាសាទតាមាន់ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ប្រជាជនបានភៀសសឹកមករកមណ្ឌលសុវត្ថិភាព ដែលខេត្តបានរៀបចំចំនួន៦កន្លែង នៅក្នុងស្រុកបន្ទាយអំពិល ស្រុកចុងកាល់ (២កន្លែង) ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ(២កន្លែង)។
សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃកន្លងមកនេះ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ២នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀត ក្នុងនោះមានទាំងមនុស្សចាស់ ស្ត្រី និងកុមារ បានរងរបួស ដោយសារគ្រាប់ផ្លោង របស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា។
ដោយឡែក ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតមកទល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានជនស៊ីវិល ភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ បានកើនឡើងជាង២ម៉ឺននាក់។ នៅអំឡុងពេលជាមួយគ្នានេះដែរ ការឈ្លានពានរបស់ថៃ បានបង្ខំឱ្យជនស៊ីវិលកម្ពុជាសរុបចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែន ក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ដែលក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា។
ក្នុងពេលជាមួយគ្នា គិតមកត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បានកំពុងបន្តយ៉ាងក្តៅគគុក។ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន នៅតែបន្តឈរជើងយ៉ាងរឹងមាំ នៅតាមតំបន់ព្រំដែនជួរមុខ ដើម្បីការពារជាតិ ការពារទឹកដី មិនឱ្យសត្រូវរំលោភបំពានបានឡើយ ៕
ក្រុមការងារ AMS




