សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសដំណឹងល្អ ដល់កងទ័ព ប្រជាជន កម្ពុជា និងថៃ ថា ភាគីថៃ បានឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែ ខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។
ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយ ឯកឧត្តមប្រធានាធិបតី Donald Trump ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី២៤ កក្កដា កន្លងទៅផងដែរ។
ជាដំណឹងល្អដែលខ្ញុំបានទទួលពី ឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួលរបស់ ឯកឧត្តម Anwar Ibrahim នោះទេ។
ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង ។
ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិតនិងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជា និងថៃនាពេលនេះ។
លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញ ដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព៕
ដោយ ៖ វណ្ណលុក

