ទូតចិនប្រចាំកម្ពុជាបង្ហាញនូវការសាទរកម្ពុជា-ថៃដែលបង្ហាញគំនិតវិជ្ជមានឈប់បាញ់ភ្លាមៗ

ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប្រជាមានិតចិន​ប្រចាំកម្ពុជា លើបណ្ដាញសង្គមផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះបានបង្ហាញនូវការឈានទៅឈប់បាញ់ភ្លាមរវាងប្រទេស​ទាំងពីរ។

សំណេររបស់លោកមានខ្លឹមសារដូច្នេះថា”ភាគីចិនកោតសរសើរកម្ពុជា និងថៃដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់​បាញ់ភ្លាមៗ។ ក្នុងនាម​ជាប្រទេសជិតខាង​ដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសចិនតែងតែប្តេជ្ញា​​ចិត្តក្នុងការជំរុញកិច្ចសន្ទនា​និងសន្តិភាព ហើយនឹងបន្តខិតខំប្រឹងប្រែង​ជាវិជ្ជមានដើម្បីជួយភាគីទាំងពីក្នុងការផ្សារភ្ជាប់ភាពខុសគ្នា និងស្ដារកិច្ច​សហ​ប្រតិបត្តិ​ការឡើងវិញ។

ការសាទរនេះបន្ទាប់ពីមានជំនួបរវាងឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតីអាមេរិក តាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីថៃកាលពីរាត្រីថ្ងៃទី២៦ ខែកក្កដានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមផ្លូវការថា “ជាដំណឹងវិជ្ជមាន ឯកឧត្តម Donald Trump ក្រោយពីបានពិភាក្សា​ជាមួយ ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយ​សំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងវិជ្ជមានសម្រាប់កងទ័ពនិង​ប្រជាជននៃប្រទេសទាំងពីរ។ “ខ្ញុំសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោម​ការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ”។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​បរទេស​និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចការងារនេះ ដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែល​បាន​ព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner