ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២០៩គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
(កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តំណាងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០៩គ្រួសារ ក្នុងឃុំចំនួន៣នៃស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង មន្ត្រីប្រតិបត្តិសាខា-អនុសាខាស្រុកស្រែអំបិល និងមានការនិមន្តចូលរួមពីព្រះសង្ឃ ឧកញ៉ា លោក លោកស្រី សប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ។

ឯកឧត្តម លី សារ៉េត បញ្ជាក់ថា ៖ នៅវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មានភ្លៀងព្យុះ លាយឡំនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើខេត្តកោះកុង បណ្តាលអោយរងផលប៉ពាល់ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ១ក្រុង និង ៤ស្រុក ស្មើនឹង ៣៥៧ខ្នងផ្ទះ ដោយក្នុងនោះមានអនុសាខាចំនួន ២គឺ អនុសាខា ស្រុកបូទុមសាគរ និងស្រុកថ្មបាំង មានលទ្ធភាពដោះស្រាយផលប៉ះពាល់ដោយខ្លួនឯង និងអនុសាខាចំនួន៣ទៀតមានប្រជាពលរដ្ឋរងគ្រោះចំនួន ៣១០គ្រួសារ ហើយសាខាពុំមានលទ្ធភាព ដោះស្រាយបានទើបសាខាសម្រេចស្នើសុំមកទីស្នាក់កាកបាទក្រហមកម្ពុជា ដើម្បីជួយអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ។

បន្ទាប់ពីនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងរួចមក លោកជំទាវនាយិកា មានប្រសាសន៍ថា ការផ្តល់អំណោយមនុស្សធម៌នៅពេលនេះគឺធ្វើឡើងតបតាមសំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងគ្រានេះ ។

លោកជំទាវ បានគូសបញ្ជាក់ថា ពេលដែលក្រុមការងារបានចុះពិនិត្យស្ថានភាពពីផលប៉ះពាល់ដោយផ្ទាល់ទៅដល់ខ្នងផ្ទះបានសង្កេតឃើញថា លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមិនមានភាពគត់មុតនិងធន់មាំសមស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ដូចនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំ និងមានភាពធន់នឹងអាកាសធាតុ។

លោកជំទាវ ផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច និងពិសារទឹកដាំពុះ ពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងប្លាស្ទិកផ្សេងៗទៀត និងកុំដុតសំរាមពាសវាលពាសកាលពិសេសប្លាស្ទិកដើម្បីបរិស្ថានស្អាតដែលនាំមកនូវសុខភាពល្អ ។ ដោយឡែកក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ គឺបួនដងយ៉ាងតិចមុននិងក្រោយពេលសម្រាល។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ , និងឃីត ១កញ្ចប់ ។ ដោយឡែកប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុង ៤គ្រួសារ ទទួលបានថវិកា៥ម៉ឺនរៀល ពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងទទួលបានតង់១ ថវិកា១លានរៀលបន្ថែមពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។ ស្របគ្នានេះដែរដើម្បីឱ្យអនុសាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល មានលទ្ធភាពក្នុងការជួយជុសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ឡើងវិញ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានឧបត្ថម្ភថវិកា១០លានរៀល និងមានការឧបត្ថម្ភថវិកាមួយចំនួនពីសប្បុរសជនក្នុងស្រុកស្រែអំបិលផងដែរ៕
ដោយ ៖ វណ្ណលុក
