កាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១០១គ្រួសារទៀតនៅខេត្តកោះកុង

(កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារបន្តនាំយកនូវគ្រឿងឧបភោគ-បរិភោគ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០១គ្រួសារទៀតមកពីស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានបង្ហាញការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះអស់ជាច្រើនខ្នង។

លោកជំទាវ បញ្ជាក់ថា លំនៅដ្ឋានរបស់បងប្អូនមិនមានលក្ខណៈបច្ចេកទេសស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដូចនេះ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាងសង់ផ្ទះឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានលក្ខណៈរឹងមាំ ពិសេសត្រូវចូលរួមដាំដើមឈើនៅជុំវិញផ្ទះឱ្យបានគ្រប់គ្នាព្រោះអាចជួយកាត់បន្ថយពីផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិបាន។

លោកជំទាវបាននាំយកនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ និងត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ចំនួន៤រួមមាន៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ព្រមជាមួយគ្នានេះសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឱ្យបរិស្ថានស្អាតនាំមកនូវសុខភាពល្អ ។ ដោយឡែកក្មួយៗ ស្ត្រីមានផ្ទៃពោះទាំងអស់សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់គឺបួនដងយ៉ាងតិចមុននិងក្រោយពេលសម្រាល។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាភាពស្ងៀមស្ងាត់ ត្រូវតាមដានព័ត៌មានដែលពិត ចេញពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្រុង ស្រុក កុំមានការព្រួយបារម្ភ ក្នុងនាមថ្នាក់ដឹកនាំខេត្តដែលជាអណាព្យបាលរបស់បងប្អូន មិនទៅណាចោលបងប្អូនឡើយ និងត្រូវជាក់លើរាជរដ្ឋាភិបាលយើង ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេសដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត ១កញ្ចប់។ ចំពោះប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុង ១គ្រួសារ ទទួលបានថវិកា៥ម៉ឺនរៀល ពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងទទួលបានតង់១ ថវិកា១លានរៀលបន្ថែមពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។ ស្របគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានឧបត្ថម្ភថវិកា១០លានរៀល ដល់អនុសាខាទាំង២ដើម្បីជួយជុសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner