គិតត្រឹមវេលាម៉ោង ១៖៤០នាទីរសៀលថ្ងៃនេះ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ សម្រុកចេញពីថៃ តាមច្រកទ្វារដូង
(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១៖៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរយើងរាប់ម៉ឺននាក់ សម្រុកចេញពីថៃ តាមច្រកទ្វារដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ពលករខ្មែរដែលកំពុងបន្តសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ ទទួលបានការស្វាគមន៍ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចាប់តាំងពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ។

ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាណែនាំឱ្យបញ្ចេញរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករត្រឡប់ទៅស្រុកកំណើតវិញ ។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។

ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕
ដោយ ៖ វណ្ណលុក

