អភិបាលខេត្តកំពង់ចាមអញ្ជើញសំណេះសំណាល និងផ្ដល់អំណោយ​ដល់ពលករ ពលការិនីមកពីប្រទេសថៃ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជា​មួយ​ពលករ ពលការិនី ដែលមកពី​ប្រទេស​ថៃចំនួន ៩៦ នាក់ ស្ថិតនៅឃុំវិហារធំ ស្រុកកំពង់សៀម។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិបាល​ខេត្ត​បាន​បញ្ជាក់ថា រហូតមកដល់ពេលនេះ មាន​ពលករ ពលការិនីមកកាន់​មូលដ្ឋានវិញនៅខេត្តកំពង់ចាមមានចំនួនជាង ១ ៧០០ នាក់ហើយ នៅក្នុងនោះ​មានអ្នកខ្លះ​បាន​ធ្វើដំណើរដោយខ្លួនឯង និងខ្លះទៀតធ្វើដំណើរ​តាមរថយន្ត ដែលអាជ្ញាធរខេត្តបានសម្របសម្រួល ដោយមាន​អភិបាលរង​ខេត្ត ព្រមទាំងក្រុមការងារចម្រុះចាំទទួលនៅតាមព្រំដែនកម្ពុជា-ថៃ មាន នៅច្រកដូង ក្នុងខេត្តបាត់ដំបង និងច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យពលករ ពលករនី មកដាក់ពាក្យ​មកមន្ទីរការងារខេត្តកំពង់ចាម ដើម្បីឱ្យមន្ត្រីរកកន្លែងការងារជូន ខណៈ​បច្ចុប្បន្ន​មានកន្លែងការងាររហូតដល់ទៅ ១ ៨០០០ កន្លែងកំពុងរង់​ចាំអ្នកធ្វើ។

ពលករ ពលការនីចំនួន ៩៦ នាក់ខាងលើមានលំនៅដ្ឋានក្នុងឃុំទាំង ១៥ នៃស្រុកកំពង់សៀម។ពួកគេបានទទួល អំណោយ មានដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ដើម្បីយកទៅដោះស្រាយជីវភាព ក្នុងរយៈពេលខ្លី៕
ដោយ៖លី ពៅ

ads banner