លោក Trump ជឿថា នឹងមានដំណោះស្រាយក្នុងជម្លោះកម្ពុជា-ថៃ
បរទេស ៖ លោក Donald Trump បាននិយាយថា លោកជឿជាក់ថា ទាំងថៃ និងកម្ពុជា ចង់ដោះស្រាយជម្លោះ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំ នៃប្រទេសទាំងពីរថា លោកនឹងមិនសម្រេចឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយ ប្រទេសទាំងពីរទេ លុះត្រាតែបញ្ចប់ការប្រយុទ្ធគ្នា ជាមុនសិន។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The guardian
មេដឹកនាំអាមេរិក លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Turnbery ប្រទេស ស្កុតឡែន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា «ខ្ញុំបាននិយាយ ទៅកាន់នាយករដ្ឋមន្រ្តី ទាំងពីរ ហើយខ្ញុំគិតថា ពួកគេចង់ដោះស្រាយ នៅពេលនេះ»។
The guardian ក៏បានដកស្រង់ សម្តីរបស់អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce ដែលបាននិយាយ កាលពីថ្ងៃអាទិត្យ ផងដែរថា «សហរដ្ឋអាមេរិក ត្រៀមខ្លួនដើម្បីសម្របសម្រួលកិច្ចពិភាក្សា នាពេលខាងមុខ ដើម្បីធានាសន្តិភាព និងស្ថិរភាព រវាងប្រទេសទាំងពីរ ហើយ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយ ទៅកាន់រដ្ឋមន្ត្រីការបរទេស កម្ពុជា និង ថៃ ដោយជំរុញឱ្យ បន្ថយភាពតានតឹង ភ្លាមៗ និងយល់ព្រម លើបទឈប់បាញ់»៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត
