ថៃចង់ដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ និងបង្កើនការវាយប្រហារនៅតាម​សមរភូមិ​ជាច្រើនទៀត

(ភ្នំពេញ)៖ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន និងក៏ដូចជាបានកំពុងរំលោភបំពាន ឈ្លា​ន​ពា​ន​ទឹកដីកម្ពុជាយ៉ាងងងើល ពេលនេះកងទ័ពឈ្លានពានប្រទេសថៃកំពុង ចង់​ដណ្តើម​យកវត្តកែវសិក្ខាគិរីស្វារៈដែលជាទឹកដីកម្ពុជាថែមទៀត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃ​មកលើទឹកដីកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះឱ្យដឹងថា៖កងទ័ពឈ្លានពានថៃថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥បើទោះបីមានការកំណត់នូវកិច្ចប្រជុំពិសេស កម្រិតរាជរដ្ឋាភិបាលនៃប្រ​ទេស​ទាំងពីរ នៅទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណង​ចរចា​ឱ្យ​បាននូវបទឈប់បាញ់គ្នាក៏ដោយ នៅថ្ងៃនេះក៏ដោយ តែនៅវេលាម៉ោង ៣,១០នា​ទីរំលងអាធ្រាតុ ភាគីថៃ នៅបន្តបើកការវាយប្រហារមុន មកលើកម្ពុជានៅតំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបាញ់ស្រោចរហូតដល់ម៉ោង ៥,០៧នា​ទីព្រឹកនេះ ។ ចំពោះសភាពការណ៍នៅតាម ប្រាសាទតាមាន់ធំ ជប់គគីរ តាដូន វាល​ឥន្រ្ទី ៥មករា តាថាវ ភ្នំខ្មោច អានសេះថៃបានវាយយ៉ាងខ្លាំង និងកងទ័ពឈ្លានពាន​ថៃ​មានបំណងដើម្បីដណ្តើម វត្តកែវសិក្ខាគិរីស្វារៈ និងព្រមជាមួយគ្នានេះបានបង្កើន​សមរភូមិ នៅជប់គគីរថ្មដូន ឱ្យឆេះរាលដាលសន្ធោសន្ធៅ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដែរថាទោះបីមានការរំលោភ​បំពាន​​ពីសំណាក់កងទ័ពថៃយ៉ាងណាក្តី តែកងទ័ពកម្ពុជាដ៏អង់អាចក្លាហានម៉ោះមុត នៅឈររឹងមាំ តស៊ូយ៉ាងស្វិតស្វាញមិនញញើតនឹងសត្រូវឈ្លានពាន​សូម្បីតែបន្តិច​សោះឡើយ និងកំពុងឈរយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន។

គួរបញ្ជាក់ថា វត្តកែវសិក្ខាគិរីស្វារៈ ឬហៅថា វត្តព្រះវិហារស្ថិតនៅទឹកដីកម្ពុជា ដែលថៃមាន​មហិច្ឆតាចង់លេបត្របាក់ជាយូរណាស់មកហើយ។ នៅទីនោះមានផ្ទាំង​ថ្មមួយ​ដុំធំ​ជា​កន្លែងដែលឧត្ដមសេនីយ៍មេបញ្ជាការទ័ពសៀមម្នាក់ឈ្មោះកាណុក បានដឹកនាំ​ទា​ហាន​ថៃ ប្រមាណពី ៤៥០ ទៅ៧០០នាក់ ចូលឈ្លានពានឈរជើង​កាន់កាប់ក្នុង​ទីអា​រាមខ្មែរ នៅ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ខណៈព្រះសង្ឃខ្មែរ​ជាច្រើនអង្គ​កំពុងគង់​នៅ​ទី​នោះជាប្រចាំទៀតផង។ យ៉ាងណាក្តីវត្តអារាមកម្ពុជា​មួយនេះដែលថៃចង់លេប​យកត្រូវបានអាមាសដោយសារកម្ពុជាម្តងរួចមកហើយ ។ ដោយមហិច្ឆតា​របស់​ខ្លួន​សៀម​ចង់លេបត្របាក់ម្តងទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner