អាល្លឺម៉ង់ជំរុញឲ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌នៅហ្គាហ្សា
ប៊ែរឡាំង ៖ លោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃទី២៨ ខែកក្កដា បានជំរុញឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែាល-ក្រុមហាម៉ាស់ និងបង្ហាញពីការព្រួយបារម្ភ អំពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់, លោកអធិការបតី Merz បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ជាបន្ទាន់ទៅដល់ដៃជនស៊ីវិល ដែលកំពុងស្រេកឃ្លានស្ទើរដាច់ពោះស្លាប់នៅតំបន់ហ្គាហ្សាយ៉ាងឆាប់រហ័ស សុវត្ថិភាព និងតាមទំហំដែលត្រូវការ។
ផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសអាល្លឺម៉ង់នឹងសម្រេចចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកែលម្អស្ថានភាពក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងការពិគ្រោះយោបល់ជាមួយដៃគូ E3 មានដូចជាបារាំង និងអង់គ្លេស ក៏ដូចជាអាមេរិក និងប្រទេសអារ៉ាប់ផងដែរ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា