ចិនប្រកាសបន្តដើរតួនាទីស្ថាបនាលើកកម្ពស់បទឈប់បាញ់ក្នុងជម្លោះកម្ពុជា-ថៃ
ប៉េកាំង ៖ អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសចិន នៅថ្ងៃ២៧ ខែកក្កដា បានប្រកាសថា ប្រទេសចិននឹងរក្សាជំហររបស់ខ្លួន ប្រកបដោយយុត្តិធម៌ និងមិនលំអៀង ពិសេសបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងថៃ ដើម្បិសម្របសម្រួលយ៉ាងសកម្មក្នុងការចរចាសន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់បទឈប់បាញ់។
ផ្អែកតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ, បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការសម្របសម្រួលកិច្ចពិភាក្សានោះ កម្ពុជា-ថៃបានបង្ហាញពីឆន្ទៈបញ្ឈប់អរិភាព ទោះបីជាការប៉ះទង្គិចនៅតែបន្តកើតមាននៅតាមព្រំដែនរវាងប្រទេសទាំងពីរក៏ដោយ។
នៅពេលត្រូវបានសាកសួរអំពីគោលជំហររបស់ចិនចំពោះភាពតានតឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា កម្ពុជា និងថៃ គឺជាអ្នកជិតខាងគ្នា ហើយប្រទេសទាំងពីរក៏ជាមិត្ត និងអ្នកជិតខាងរបស់ចិនដែរ។ ដូច្នេះការរក្សាបាននូវភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការគ្រប់គ្រងការខ្វះខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេសទាំងពីរ ពិសេសសន្តិភាព និងស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសចិនមានការសោកស្ដាយជាខ្លាំងចំពោះជនរងគ្រោះទាំងសងខាង និងសម្តែងក្តីអាណិតអាសូរអស់ពីចិត្ត។ យ៉ាងណា ប្រទេសចិនសង្ឃឹមថា ភាគីទាំងពីរនឹងគិតគូរពីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ការស្រឡាញ់សន្តិភាព និងភាពជាអ្នកជិតខាងល្អ ពិសេសរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីឈានដល់បទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ក្នុងគោលបំណងស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនឱ្យបានឆាប់។
ដោយកត់សម្គាល់ថា ទាំងកម្ពុជា និងថៃ គឺជាសមាជិកដ៏សំខាន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) អ្នកនាំពាក្យរូបនេះបាននិយាយថា អាស៊ានបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាច្រើនថ្ងៃ ដើម្បីនាំមកនូវបទឈប់បាញ់រវាងភាគីទាំងពីរ។ បន្ថែមលើនេះ ប្រទេសចិនក៏សរសើរកិច្ចខិតខំប្រឹងប្រែង និងស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដែលអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹង៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ ឈឹម ទីណា