ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ លើពិភពលោកការពារសិទ្ធិពលករខ្មែរខណៈកំណើននៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ ។

ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ ។

តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំងអស់ដែលផ្គត់ផ្គង់ទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ថៃ ឱ្យចូលរួមសកម្មភាពក្នុងការការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មករចំណាកស្រុក។ ជាមួយគ្នានោះ ក្រសួងស្នើឱ្យមានការអន្តរាគមន៍ភ្លាមៗ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងស្មើភាពសម្រាប់កម្មករចំណាកស្រុកទាំងអស់នៅប្រទេសថៃ

បន្ថែមលើនេះក្រសួងការងារ ក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា និងឧបករណ៍ច្បាប់អន្តរជាតិ និងតំបន់ ដើម្បីធានាសុវត្ថិភាព កិត្តិយស និងការប្រព្រឹត្តអំពើយុត្តិធម៌ចំពោះកម្មករចំណាកស្រុកទាំងអស់ និងគ្រួសាររបស់ពួកគេ ដោយគ្មានការរើសអើងតាមសាសន៍ ឬស្ថានភាពណាមួយឡើយ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner