មន្ត្រីក្រសួងការពារជាតិ ៖ ការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន កងទ័ពយើងបានបន្តឈរជើងនៅតំបន់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងរឹងមាំ
(សៀមរាប)៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជុំ ខេត្តសៀមរាប បានថ្លែងថា ការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន កងទ័ពយើងបានបន្តឈរជើងនៅតំបន់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងរឹងមាំ ។ ឯកឧត្តម លី កុសល ថ្លែងដូច្នេះ ក្នុងឱកាសដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តទាំង១២ ទូទាំងស្រុកអង្គរជុំ កាលពីដើមសប្ដាហ៍នេះ នៅវត្តបត់ ។
ឯកឧត្តម លី កុសល បានថ្លែងបញ្ជាក់ថា យើងទាំងអស់គ្នាអាចមានឱកាសប្រារព្ធពិធីប្រគេន ទៀនព្រះវស្សាចំពោះព្រះសង្ឃដូចពេលនេះបាន គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ពេញលេញ ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរស់នៅរបស់ប្រជាជន ប្រកបដោយភាពសុខសាន្ត គ្មានការភ័យខ្លាច មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការបញ្ចេញមតិយោបល់ និងការរួមចំណែកស្ថាបនាប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម បន្តថា សន្តិភាព និងព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ ដែលតែងតែផ្សារភ្ជាប់គ្នាជានិច្ចមិនអាចខ្វះបាន សម្រាប់ជីវិតរស់នៅរបស់ប្រជាជន ប្រកបដោយសុភមង្គល និងសុខភាពផ្លូវចិត្ត តាមរយៈការអប់រំ នៃព្រះពុទ្ធសាសនា។ ដោយសារយល់ឃើញពីហេតុផលទាំងនេះហើយ ទើបយើងទាំងអស់គ្នាជាពុទ្ធបរិស័ទ តែងមានសេចក្តីជ្រះថ្លា និងដឹងគុណដល់ព្រះពុទ្ធសាសនា ក៏បានមូលមតិគ្នាដង្ហែទៀនព្រះវស្សា និងប្រគេនទេយ្យទានចូលកាន់ទីអារាមនានា តួយ៉ាងដូចជានៅទឹកដីនៃស្រុកអង្គរជុំ ខេត្តសៀមរាប នាពេលនេះជាដើម។
ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន ចំពោះការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ កងទ័ពរបស់យើងបានបន្តឈរជើងនៅតំបន់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងរឹងមាំ ដោយបានប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានពីសត្រូវដោយភាពអង់អាចក្លាហានបំផុត ខណៈដែលយើងមិនមានមហិច្ឆតាក្នុងការឈ្លានពានប្រទេសណាមួយនោះឡើយ យើងគាំទ្រ ដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី និងគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈយន្តការនៃតុលាការអន្តរជាតិ នូវបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីជាដើម ។
ឯកឧត្តមថា ទោះបីបច្ចុប្បន្នសភាពការណ៍នៅតាមព្រំដែនកំពុងតែមានការវាយប្រយុទ្ធគ្នាក៏ដោយ ក៏យើងទាំងអស់គ្នាជាពុទ្ធសាសនិក មិនបានរំលងពិធីបុណ្យប្រចាំឆ្នាំមួយនេះឡើយ នៅតែមានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆន្ទនាំយកទេយ្យទាន ក៏ដូចជាថវិកាមួយចំនួន មកប្រគេនព្រះសង្ឃ មានដូចជា ទៀនព្រះវស្សា សាដក អង្ករ មី ត្រីខ ស្ករស ទឹកដោះគោ តែ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងម៉ាស៊ូត និងថវិកាមួយចំនួនផងដែរ ក្នុងនោះ មានប្រគេនបច្ច័យសម្រាប់កសាងឧបដ្ឋានសាលាវត្តសុវណ្ណកេសរង្សីបុទុម្ពរជ័យ ហៅវត្តបត់ចំនួន២០លានរៀល ឧបត្ថម្ភថវិកាវត្តគោលរង្សី សម្រាប់កសាងផ្លូវបេតុងប្រវែង ១២០ម៉ែត្រ ចំនួន១០លានរៀល ប្រគេនបច្ច័យកសាងវត្តចារឈូករង្សី ចំនួន៣លានរៀន និងប្រគេនព្រះអង្គ សូម សាម៉ន ព្រះអនុគុណស្រុក ចំនួន២លានរៀល វត្តទាំង១២ទទួលបាន១លានរៀល ក្នុង១វត្ត និងក្នុងសាដកនីមួយៗមានថវិកាចំនួន១០ម៉ឺនរៀល ព្រមទាំងជូនតាជី យាយជីចំនួន ៤០១នាក់ ក្នុងម្នាក់ៗទទួលបានក្រមាសារុង១ និងថវិកា១ម៉ឺនរៀល សរុបជាទឹកប្រាក់ប្រមាណ ៧៦លានរៀល ៕







ដោយ ៖ វណ្ណលុក