នាយករដ្ឋមន្ត្រីកម្ពុជា ៖ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា លើបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាន នៅវេលាម៉ោង ២៤ និង ០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់លើបណ្ដាញសង្គម នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញ នូវសន្តិភាព និងសន្តិសុខ ។

២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង ០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ ។

៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។

សម្ដេចធិបតី សូមអរគុណ ឯកឧត្តម នាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិត សម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចធិបតី ក៏សូមអរគុណឯកឧត្តម ប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារ រកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំ នៃជំនួបថ្ងៃនេះ ។ សម្ដេចធិបតី ក៏សូមអរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រ លើកទឹកចិត្ត ឱយភាគីទាំងពីរ ស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្ម គាំទ្រដល់ជំនួបពិសេសនេះផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner