ប៉ូឡូញព្រមានថា រុស្ស៊ីត្រៀមវាយអឺរ៉ុបនៅឆ្នាំ២០២៧
វ៉ាសូវី ៖ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានព្រមានធ្ងន់ៗនាពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីអាចនឹងត្រៀមខ្លួនប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏មានសក្តានុពលជាមួយសហភាពអឺរ៉ុបក្នុងរយៈពេល២ឆ្នាំ ពោលគឺនៅឆ្នាំ២០២៧ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ Alexus G. Grynkewich មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុបរបស់អង្គការណាតូ, លោកនាយករដ្ឋមន្ត្រី Tusk បាននិយាយថា លោកឧត្តមសេនីយ៍បានអះអាងថា រុស្ស៊ីអាចនឹងត្រៀមខ្លួនខាងយោធា សម្រាប់ការប្រឈមមុខដាក់គ្នាជាមួយអឺរ៉ុបនៅដើមឆ្នាំ២០២៧។
ការអត្ថាធិប្បាយរបស់លោក Tusk មានវ័យ៦៨ឆ្នាំរូបនេះ កើតឡើងស្របពេលមានការព្រមានពីមុនផងដែរ ពីសំណាក់ចារកម្មអ៊ុយក្រែន និងលោកខាងលិច។ ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី Tusk បានសង្កត់ធ្ងន់ថា វាគ្មានហេតុផលអ្វីដែលត្រូវបន្លាចគ្នាអំពីហានិភ័យនេះទេ ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្ន និងផ្តោតការយកចិត្តឱ្យបានខ្លាំងទុកជាមុន។
លោកប្រមុខចារកម្មបរទេសអ៊ុយក្រែន Oleh Ivashchenko បាននិយាយកាលពីខែឧសភាថា រុស្ស៊ីអាចស្តារសមត្ថភាពប្រយុទ្ធរបស់ខ្លួនឡើងវិញក្នុងរយៈពេលពីរទៅបួនឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូបានកើនឡើងខ្លាំង តាំងពីចាប់ផ្តើមការឈ្លានពានពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយមេដឹកនាំអឺរ៉ុបបានព្រមានកាន់តែខ្លាំងឡើង អំពីហានិភ័យផ្ទុះសង្រ្គាមដ៏ទូលំទូលាយនៅលើទ្វីបមួយនេះ៕
ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា
