ក្រសួងបរិស្ថានផ្តល់ធុងដាក់សំរាម ដើម្បីលើកកម្ពស់ភាពស្អាត និងសុខភាពរបស់ប្រជាពលរដ្ឋ តាមមណ្ឌលសុវត្ថិភាពនៃជនភៀសសឹក ដោយសារសង្រ្គាមពីការរំលោភបំពានពីកងទ័ពថៃ
(ភ្នំពេញ)៖ ដើម្បីសុខភាព អនាម័យ និងបរិស្ថាន ចំពោះប្រជាពលរដ្ឋភៀសសឹក ក្រុមការងារក្រសួងបរិស្ថាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមមានរថយន្តដឹកសំរាម ចំនួន ១គ្រឿង និងធុងសំរាម ចំនួន២២០ធុង ទៅប្រគល់ជូន រដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
ក្រុមការងារក្រសួងបរិស្ថាន បាននាំយកសម្ភារៈនិងរថយន្ត ទៅដល់ទីតាំងមណ្ឌលសុវត្ថិភាពនានា ក្នុងភូមិសាស្រ្តខេត្តទាំង២នេះ ក្នុងនោះបានប្រគល់ជូន ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់បែងចែកប្រើប្រាស់ នៅមណ្ឌលសុវត្ថិភាព ចំនួន៣កន្លែង រួមមានមណ្ឌលសុវត្ថិភាពអន្លង់វែង ស្រុកអន្លង់វែង ធុងសំរាម ចំនួន ២០ធុង, មណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ធុងសំរាម ចំនួន ៣០ធុង និងមណ្ឌលសុវត្ថិភាពវត្តថ្មកំបោរ ស្រុកបន្ទាយអំពិល រថយន្តដឹកសំរាម ចំនួន១គ្រឿង និងធុងសំរាម ចំនួន២០ធុង។
ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ធុងសំរាម ចំនួន ៥០ធុង ដល់រដ្ឋបាលស្រុកស្វាយលើ និងមន្ទីរបរិស្ថានខេត្តសៀមរាប សម្រាប់បែងចែកប្រើប្រាស់នៅទីសុវត្ថិភាព ស្ថិតនៅវត្តស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ និងបណ្តាទីសុវត្ថិភាពផ្សេងៗទៀតនៃខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបានប្រគល់អំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជូនធុងសំរាម ចំនួន ១០០ ដល់រដ្ឋបាលខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់អំណោយជាធុងសំរាម ចំនួន៥០ និងរថយន្តដឹកសំរាមចំនួន១ គ្រឿង កាលពីខែមិថុនាកន្លងទៅ ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ទីកន្លែងទទួល ដែលប្រជាពលរដ្ឋភៀសសឹក មកស្នាក់នៅបណ្តោះអាសន្ន បន្ទាប់ពីរត់គេចចេញពីការបាញ់ផ្លោង របស់កងទ័ពថៃ ដែលរំលោភឈ្លានពានទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងផ្តល់ជូនសម្ភារៈទុកដាក់សំរាម ឌូចជាធុងសំរាមចំនួន៥០០ ធុងបន្ថែមទៀត ដល់ខេត្តដែលមានមណ្ឌលសុវត្ថិភាព ទទួលពលរដ្ឋខ្មែរភៀសសឹកបន្ថែមទៀត៕
ដោយ ៖ ម៉ាដប៉ូ










