អាមេរិកកំពុងតាមដានមើលការប្តេជ្ញាចិត្តបទឈប់បាញ់កម្ពុជា-ថៃ
បរទេស ៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននៅតែបន្តតាមដានមើល ការប្តេជ្ញាចិត្តបទឈប់បាញ់ រវាងកម្ពុជានិងថៃ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ The Hill កាលពីថ្ងៃទី២៨ ខែកក្កដា បានដកស្រង់សម្តី របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បញ្ជាក់ថា «លោកប្រធានាធិបតី Trump និងខ្ញុំ មានការប្តេជ្ញាចិត្ត ក្នុងការបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះនេះ»។ លោកបានបន្តថា «យើងមានអំណរគុណ ចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ កិច្ចចរចា បទឈប់បាញ់។ យើងជំរុញឱ្យភាគីទាំងអស់ អនុវត្តតាមការប្តេជ្ញាចិត្ត របស់ពួកគេ»។
លោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកនឹងនៅតែប្តេជ្ញាចិត្ត និង ចូលរួមតាមដាន នៅក្នុងដំណើរការ ដែលរៀបចំដោយ សហរដ្ឋអាមេរិក-ម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះនេះ»។
កាសែតអាមេរិកមួយនេះ ក៏បានដកស្រង់សម្តី របស់លោកប្រធានាធិបតី Trump ដែលធ្លាប់បានព្រមានថា សហរដ្ឋអាមេរិកទំនងជា នឹងមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសណាមួយ ប្រសិនបើអរិភាព នៅតែបន្ត។
លោក Trump បាននិយាយថា «យើងបានដោះស្រាយរឿងនេះ តាមរយៈពាណិជ្ជកម្ម…ខ្ញុំបាននិយាយហើយថា ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្ម ជាមួយនរណាម្នាក់ ដែលសម្លាប់គ្នា ទៅវិញទៅមក នោះទេ»៕
ប្រភពពី The Hill ប្រែសម្រួល៖ សារ៉ាត
