អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា-ថៃ នឹងភ្ជាប់ឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិក្រោយការផ្ទុះអាវុធ
ភ្នំពេញ៖ ភាគីទាំងពីរ កម្ពុជា និងថៃ នឹងបន្តឡើងវិញនៃទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ។នេះជាការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋ លេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចាបទឈប់បាញ់ជាបន្ទាន់និងអត់លក្ខខណ្ខរវាងកងទ័ពកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ដើម្បីធានាឱ្យបានក្នុងបទឈប់បាញ់គ្នានេះដែរក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានណែនាំឱ្យបង្កើតអំពីយន្តការលម្អិត សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។យន្តការនេះគេរំពឹងថានឹងដើរតួនាទីជាគ្រឹះដើម្បីសន្តិភាព និងទំនួលខុសត្រូវ ប្រកបដោយចិរភាព។
ដើម្បីធានាឱ្យបាននូវការឯកភាពគ្នា នៃបទឈប់បាញ់គ្នា ជាជំហានបន្ទាប់ គឺយើងត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យការធានា និងការអនុវត្តពេញលេញម៉ឺងម៉ាត់ ម៉ត់ចត់ នូវអ្វីដែលបានឯកភាពនិង ជជែកគ្នាក្នុងកម្រិតថ្នាក់ដឹកនាំរួចហើយនោះគឺត្រូវបង្កើនយន្តការតាមដាន ត្រួតពិនិត្យមួយឡើង។អ្នកនាំពាក្យដដែលបន្តថា សម្រាប់ជំហានបន្ទាប់ ក្នុងកិច្ចការទាំងអស់នេះ នឹងមានការកោះប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (JBC)នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕
ដោយ៖ម៉ាដេប៉ូ

