ផ្ទុះករណីបាញ់ប្រហារនៅញូវយ៉ក ស្លាប់៥នាក់ រួមទាំងខ្មាន់កាំភ្លើង
ញូវយ៉ក ៖ មន្ត្រីអាមេរិកនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅថ្ងៃទី២៨ ខែកក្កដា នៅខាងក្នុងអគារខ្ពស់កប់ពពក Midtown Manhattan ដោយបានសម្លាប់មនុស្ស ៤នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់ ក្នុងអំពើហិង្សាដោយកាំភ្លើង គឺជាមន្ត្រីប៉ូលិសក្រុងញូវយ៉កអាយុ ៣៦ឆ្នាំដែលបម្រើការក្នុងកងកម្លាំងប្រហែល ៣ឆ្នាំកន្លះ។ រីឯជនសង្ស័យ៣នាក់ទៀតគឺជាជនស៊ីវិល។
ស្នងការប៉ូលិសក្រុងញូវយ៉ក លោកស្រី Jessica Tisch និយាយថា ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណបញ្ជាក់ថា មានឈ្មោះ Shane Tamura អាយុ ២៧ឆ្នាំ ដែលជាពលរដ្ឋមកពីទីក្រុង Las Vegas បានបើកឡានឆ្លងក្រុងទៅកាន់ក្រុងញូវយ៉កក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបាញ់សម្លាប់ខ្លួនឯងចំដើមទ្រូងនៅចុងបញ្ចប់នៃការបាញ់ប្រហាររបស់គាត់។
លោកស្រី Tisch បន្ថែមថា ខ្មាន់កាំភ្លើងត្រូវបានគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ហើយមន្រ្តីស៊ើបអង្កេតមិនទាន់អាចកំណត់មូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះនៅឡើយទេ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា