លោក Phumtham ៖ ព្រំដែនថៃ-កម្ពុជា គ្មានការប៉ះទង្គិចគ្នាទេ ព្រឹកនេះ
បាងកក ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ព្រំដែនថៃ-កម្ពុជា ដែលធ្លាប់មានការប្រយុទ្ធគ្នា ឥឡូវនេះ មានភាពស្ងប់ស្ងាត់ គ្មានការប៉ះទង្គិចគ្នាទេ បន្ទាប់ពីមាន កិច្ចព្រមព្រៀងឈប់បាញ់ នេះបើតាម នាយករដ្ឋមន្ត្រីស្តីទី ថៃ លោក Phumtham Wechayachai បាននិយាយ ប្រាប់អ្នកសារព័ត៌មាន ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន រយធឺ។
រយធឺ បានចុះផ្សាយថា «លោក Phumtham បានច្រានចោល ដំណឹងដែលថា មានការប៉ះទង្គិចគ្នា ហើយអះអាងថា លោកបាននិយាយ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កម្ពុជា មុនពេលកិច្ចពិភាក្សា រវាងមេបញ្ជាការយោធា ប្រទេសទាំងពីរ នៅព្រឹកថ្ងៃអង្គារនេះ។ លោក Phumtham បានប្រាប់អ្នកយកព័ត៌មានថា មិនមានការកើនឡើងនៃជម្លោះទេ… ពេលនេះ អ្វីៗ បានស្ងប់ស្ងាត់ហើយ»។
គួរបញ្ជាក់ថា បទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ បានចូលជាធរមាន ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីការចរចាសន្តិភាព នៅប្រទេសម៉ាឡេស៊ី៕
ប្រភពពី រយធឺ, ប្រែសម្រួល ៖ សារ៉ាត