វេទិកាការងារថ្នាក់ខេត្តផ្តល់ឱកាសការងារប្រហែល ៣.០០០កន្លែង
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចែករំលែកព័ត៌មានឱកាស ការងារ ឱកាសបណ្តុះបណ្តាល កម្មសិក្សា កម្មវិធីស្ម័គ្រចិត្ត និងអាហារូបករណ៍ដែលកំពុង មាននៅ ក្នុងវិស័យជាច្រើន រាប់ចាប់ពីវិស័យ ទេសចរណ៍ អាហារកែច្នៃ និងរថយន្ត។
យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជា ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៥ សរុបចំនួន ៩៩៧.១៦៩ នាក់ ស្មើនឹង ៦.៤% នៃចំនួនប្រជាជនសរុប។
ខេត្តនេះក៏បង្ហាញពីអត្រាចូលរួមកម្លាំងពលកម្មដ៏រឹងមាំផងដែរ ដោយ ៧៦% នៃបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅបានចូលរួមយ៉ាងសកម្មក្នុងកម្លាំងពលកម្ម។
លើសពីនេះ ខេត្តបាត់ដំបងមិនត្រឹមតែលេចធ្លោពាក់ព័ន្ធនឹងការមានសហគ្រាសជាច្រើន និងសក្តានុពលកម្លាំងពលកម្មចម្រុះប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏មានតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាស ការងារ និងការធ្វើសមាហរណកម្មរបស់ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារការងារក្នុងស្រុកផងដែរ។
វេទិកានេះបានផ្តល់ជាវេទិកាពិសេសមួយសម្រាប់អ្នកចូលរួមជាង ១.០០០ នាក់ រួមទាំងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ យុវជន និងយុវជនមានពិការភាពដើម្បីធ្វើអន្តរកម្មជាមួយក្រុមហ៊ុន និងស្ថាប័នល្បីៗ និងគ្រឹះស្ថានផ្តល់ការអប់រំ និងបណ្តុះបណ្តាល ស្តីពីទស្សនវិស័យការងារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាពដែលមាននៅលើទីផ្សារការងារ។
លោកស្រី ហង្ស សេរីវលក្ខណ៍ អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ មានប្រសាសន៍ថា “វេទិកាការងារដែលធ្វើឡើងនៅខេត្តបាត់ដំបងនេះ តំណាងឱ្យការផ្តួចផ្តើមគំនិតទាន់ពេលវេលា និងជាយុទ្ធសាស្រ្តក្នុងគោលបំណងដោះស្រាយតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ដោយផ្តោតលើយុវជន អ្នកស្វែងរកការងារធ្វើ ជនមានពិការភាព ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍និងក្រុមងាយរងគ្រោះដទៃទៀត។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កោតសរសើរខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្ររបស់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(UNICEF) ដែលការរួមចំណែករបស់ស្ថាប័នទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដែលបាននាំឱ្យការរៀបចំព្រឹត្តិការណ៍ការងារដ៏សំខាន់នេះប្រកបជោគជ័យ” ។
បន្ថែមពីលើវេទិកាការងារ ព្រឹត្តិការណ៍នេះមានវគ្គបណ្តុះបណ្តាលសម្រាប់ការតៀមខ្លួនចូលក្នុងទីផ្សារការងារ ដែលគ្របដណ្តប់លើប្រធានបទគន្លឹះក្នុងការស្វែងរកការងារ ដូចជារបៀបរៀបចំប្រវត្តិរូបឱ្យជោគជ័យ លិខិតអម និងការត្រៀមខ្លួនមុនពេលសម្ភាសន៍ការងារក៏ដូចជាការផ្សព្វផ្សាយព័ត៌មានស្តីពីសិទ្ធិនិងកាតព្វិកិច្ចរបស់យុវជននៅកន្លែងធ្វើការ។
សូមជម្រាបថា វេទិកាការងារថ្នាក់ខេត្តត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការគាំទ្រពី ILO ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃសាធារណៈរដ្ឋប្រជាមានិតចិន (MOHRSS)៕






ដោយ ៖ ង៉ាន់ ទិត្យ