អគ្គលេខាធិការ UN ប្រាប់កម្ពុជា-ថៃគោរពបទឈប់បាញ់ ពេញលេញ
បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បានជំរុញឲ្យកម្ពុជា និង ថៃ គោរពបទឈប់បាញ់ ឲ្យបានពេញលេញ ដោយលោកសូមស្វាគមន៍ កិច្ចព្រមព្រៀង មួយនេះ។
នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយអ្នកនាំពាក្យ របស់អគ្គលេខាធិការ UN លោក Antonio Guterres នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។
សេចក្តីថ្លែងការណ៍ ចេញដោយគេហទំព័រ របស់ UN ផ្ទាល់ បានបង្ហាញថា នេះគឺជាជំហានវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់អរិភាព នាពេលបច្ចុប្បន្ន និង បន្ធូរបន្ថយភាពតានតឹង។ លោក Antonio Guterres ជំរុញឱ្យប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ និង បង្កើតបរិយាកាសអំណោយផល ដល់ការដោះស្រាយបញ្ហា ដែលមានរយៈពេលយូរមកហើយ និងសម្រេចបាននូវសន្តិភាពយូរអង្វែង ។
លោក អគ្គលេខាធិការ បានសរសើរ ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជា សហរដ្ឋអាមេរិក និង ចិន ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវីធី។
អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួច ជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាព ក្នុងតំបន់៕

ប្រភពពី UN, ប្រែសម្រួល៖ សារ៉ាត