បាញ់ប្រហារកណ្តាលផ្សារទីក្រុងបាងកក ស្លាប់មនុស្ស ៦នាក់

បាងកក ៖ នគរបាលថៃ បានឲ្យដឹងថា មនុស្សចំនួន៦នាក់ បានស្លាប់ រួមមាន ទាំងមន្ត្រីសន្តិសុខ នៅក្នុងហេតុការណ៍ បាញ់ប្រហារដ៏ធំមួយ នៅកណ្តាលផ្សារ លក់ផ្លែឈើ និង គ្រឿងសមុទ្រ Or Tor Kor ស្ថិតនៅក្នុងទីក្រុងបាងកក នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ទីភ្នាក់ងារព័ត៌មាន South China Morning Post បានចេញផ្សាយថា ខ្មាញ់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង តែ ព័ត៌មានលម្អិត នៃការបាញ់ប្រហារ មិនទាន់ត្រូវបានបញ្ចេញឲ្យដឹង ខណៈការស៊ើបអង្កេត អំពីអត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង និង ដើមចមនៅពីក្រោយហេតុការណ៍នេះ កំពុងបន្តធ្វើឡើង នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់នគរបាល។

ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយផងដែរថា អត្រានៃការកាន់កាប់កាំភ្លើងរបស់ប្រជាជន នៅក្នុងប្រទេសថៃ គឺ មានកម្រិតខ្ពស់គួរសម ប្រចាំតំបន់ ហើយ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មួយនេះ បានជួបប្រទះ នឹងឧប្បត្តិហេតុ បាញ់ស្លាប់មនុស្ស ជាច្រើនលើក អំឡុង ប៉ុន្មានឆ្នាំ ថ្មីៗនេះ។

ជាក់ស្តែង កាលពីឆ្នាំ ២០២៣ ក្មេងប្រុស អាយុ ១៤ឆ្នាំ ម្នាក់ បានសម្លាប់មនុស្ស ២នាក់ និង ៥ នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារ នៅផ្សារទំនើប ប្រណីតមួយ នៅកណ្តាលទីក្រុងបាងកក។ អតីតប៉ូលីសម្នាក់ បានសម្លាប់មនុស្ស យ៉ាងតិច ៣៧នាក់ ដែលភាគច្រើន គឺជាកុមារ អំឡុងការវាយប្រហារដោយកាំភ្លើង និងកាំបិត នៅឯមជ្ឈមណ្ឌលថែទាំកុមារ ស្ថិតក្នុងខេត្ត Nong Bua Lamphu ភាគឦសាន ប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០២២។ ក្នុងឆ្នាំ២០២០ ទាហានម្នាក់ បានបាញ់សម្លាប់មនុស្ស ២៩ នាក់ និងបណ្តាលឲ្យមនុស្ស រាប់សិបនាក់ទៀត រងរបួស នៅក្នុងក្រុង នគររាជសីមា៕

ប្រភពពី South China Morning Post , BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner