លោក Trump ជោគជ័យលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបានជោគជ័យ លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយអឺរ៉ុប បន្ទាប់ពីជាប់គាំង អស់ជាច្រើនខែ ដោយក្នុងនោះ អាមេរិកបានទម្លាក់ពន្ធគយ ពាក់កណ្តាល សម្រាប់ទំនិញនាំចូលរបស់អឺរ៉ុប ហើយ ទីក្រុងព្រុចសែល នឹងមិនពន្ធ លើទំនិញអាមេរិក ។

ទីភ្នាក់ងារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា អាមេរិកព្រមទម្លាក់ពន្ធ លើទំនិញនាំចូលពីអឺរ៉ុប ពី៣០% មកត្រឹម ១៥% ដែលដំបូងឡើយ គ្រោងថា នឹងឲ្យចូលជាធរមាន ចាប់ពីថ្ងៃសុក្រ ថ្ងៃទី១ សីហា ខាងមុខនេះ។ រីឯ ប្លុក ដែលមានសមាជិក ២៧ ប្រទេស មួយនេះ នឹងបើកទីផ្សារ ដល់អ្នកនាំចេញ របស់សហរដ្ឋអាមេរិក ជាមួយនឹងពន្ធសូន្យភាគរយ លើផលិតផលនានា។

ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីមានការជួបចរចារ រវាងប្រធានាធិបតី Donald Trump និង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងប្រទេស ស្កុតឡេន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះគឺជាការបញ្ចប់ ភាពប្រឈមមុខដាក់គ្នា រយៈពេលជាច្រើនខែ រវាងដៃគូសេដ្ឋកិច្ចធំបំផុត របស់ពិភពលោក ទាំងពីរ។

លោក Trump បាននិយាយថា អឺរ៉ុប ក៏នឹងជំរុញការវិនិយោគរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដល់៦០០ពាន់លានដុល្លារ រួមមានទាំងសព្វាវុធ និង ចំណាយលើវិស័យថាមពល ឲ្យដល់ ៧៥០ពាន់លានដុល្លារ។

លោកស្រី von der Leyen បាននិយាយថា ការវិនិយោគ ក្នុងរយៈពេល បីឆ្នាំ ខាងមុខ នៅក្នុងឧស្ម័នធម្មជាតិរាវ ប្រេង និងឥន្ធនៈនុយក្លេអ៊ែររបស់អាមេរិក នឹងជួយកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើប្រភពថាមពលរបស់រុស្ស៊ី។ លោកស្រី ក៏បានសាទរចំពោះកិច្ចព្រមព្រៀងនេះផងដែរ ដោយនិយាយថា កិច្ចព្រមព្រៀង នឹងនាំមកនូវស្ថិរភាព សម្រាប់សម្ព័ន្ធមិត្តទាំងពីរ ដែលរួមបញ្ជូលគ្នា មានចំណែកជិត មួយភាគបី នៃ ពាណិជ្ជកម្មពិភពលោក។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទំនិញ រវាងសហភាពអឺរ៉ុប និងអាមេរិកមានទឹកប្រាក់សរុប ប្រមាណ ៩៧៦ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។ សហរដ្ឋអាមេរិក បាននាំចូលទំនិញ ពីសហភាពអឺរ៉ុប ប្រហែល ៦០៦ ពាន់លានដុល្លារ ហើយបាននាំចេញ ទៅអឺរ៉ុបវិញ ប្រហែល ៣៧០ពាន់លានដុល្លារ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner