លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកស្បៀងអាហារ របស់ប្រើប្រាសចាំបាច់ ចែកជូនដល់ពលរដ្ឋដែលកំពុងភៀសសឹក ពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងជំរំសុវត្ថិភាព
(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹក ចំនួន ២.៤០០គ្រួសារស្មើនឹង ៨.៣៣៥នាក់ ដែលកំពុងប្រមូលផ្តុំនៅក្នុង មណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំង ស្ថិតក្នុងខេត្តសៀមរាបរួមមាន ៖ មណ្ឌលសុវត្ថិភាពក្នុងបរិវេណ វត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង ៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន ៤០០គ្រួសារស្មើនឹង ១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាព ស្ថិតក្នុងបរិវេណ វត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំនួន ១.០០០គ្រួសារ ស្មើនឹង ៣.១៧៨នាក់ ។
ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។
ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ៕















ដោយ ៖ វណ្ណលុក