លោក Trump គំរាមនឹងឲ្យអ៊ីរ៉ង់ភ្លក់រសជាតិគ្រាប់បែកអាមេរិកម្តងទៀត បើបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី២៨ ខែកក្កដា បានព្រមានធ្ងន់ៗថា រូបលោកនឹងបញ្ជាឱ្យកងទ័ពអាមេរិកវាយប្រហារទម្លាក់គ្រាប់បែកជាថ្មីលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើសិនទីក្រុងតេហេរ៉ង់គឃ្លើនបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ។
ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ, លោកប្រធានាធិបតី Trump បានប្រកាសគំរាមបែបនេះ នៅពេលលោកពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer នៅឯរម្មណីយដ្ឋានវាយកូនហ្គោល Turnberry របស់គាត់ ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេសស្កុតលែន។
មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់នឹងកំពុងបញ្ជូន “សញ្ញាដ៏អាក្រក់” ហើយកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ នឹងត្រូវបញ្ឈប់ភ្លាមៗ។
លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា យើងបានកម្ចាត់លទ្ធភាពផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ តែពួកគេនៅតែអាចចាប់ផ្តើមម្តងទៀត ហើយបើសិនពួកគេធ្វើដូច្នេះមែន នោះយើងនឹងលុបបំបាត់វាឱ្យលឿនបំផុត។
យ៉ាងណាមិញ ប្រទេសអ៊ីរ៉ង់នៅតែប្រកាសច្រានចោលការចោទប្រកាន់ថា ខ្លួនកំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ហើយនៅតែទទូចថា ខ្លួននឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុកឡើយ បើទោះបីជាមានការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួនបីកន្លែងក៏ដោយ។
ចំណែកលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ដឹងច្បាស់អំពីផលប៉ះពាល់នៃអ្វីដែលលោកហៅថា ការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល ហើយបានព្រមានថា រាល់សកម្មភាពគឃ្លើនដដែលៗ នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់វិញ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
