សម្ដេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់អំពីគោល​នយោបាយសម្រាប់កង​កម្លាំង​​ប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួម​នៅក្នុងសមរភូមិ​ការពារបូរណភាពទឹកដី

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់​ថា”ខ្ញុំបាន​ចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួង​ស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគ​របាលជាតិ ដែលបានចូលរួមដោយ​ផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ”។

លើបណ្ដាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥​សម្តេចធិបតី នាយករដ្ឋមន្រ្តី​បានបង្ហោះសារដែល​មាន​ខ្លឹមសារដូច្នេះថា ៖”ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យ​យោធិន​មួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជា​ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាច​ប្រកបរបរចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃបាន”។
សម្ដេចធិបតីបន្តថា ទី១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុង​បំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោ​ធិន​ពលី របួស ពិការ៖រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារ​យោធិនពលី យោធិនរងរបួស ពិការ។ខ្ញុំបានចេញបទបញ្ជាឱ្យ​ក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោល​នយោ​បាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់​អាវុធ​ទាំង​យោធា ទាំងនគរបាលជាតិ ដែលបានចូលរួម​ដោយ​ផ្ទាល់​នៅក្នុងសមរភូមិ​ការពារបូរណភាពទឹកដីនៅពេលនេះ។
. ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការ​មិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល​នឹងផ្ដល់ក្របខ័ណ្ឌឱ្យសាច់​ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។

សម្ដេចធិបតីបន្តថា ទី២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុង​បំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិន​ពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក៖
. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រ​ដល់បងប្អូន​ប្រជាពលរដ្ឋដែលជាជនភៀសសឹក។
. ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឱ្យសមាគមធនាគារ​នៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុង​ការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋ​ជាជន​​ភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner