អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែល​មានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍​នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង​យោធពលខេមរភូមិន្ទ បានទទួល ជួបពិភាក្សាការងារជាមួយឯកឧត្តម​នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម​បានដឹកនាំគណៈប្រតិភូបំពេញ​ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍​ចំនួន​ពីរក្រុម ដែលមួយ​ក្រុមមានអនុព័ន្ធ​យោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មាន​អនុព័ន្ធ​យោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេត​ការណ៍​នៅថ្ងៃស្អែកនេះ។

ឯកឧត្តមបន្តថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការ​ជា​មួយអគ្គមេបញ្ជាការកង​ទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការ​យោធ​​ភូមិភាគទី៤, ទី៥ កម្ពុជា។

ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាព​នឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿ​ទុកចិត្តគ្នា។

សូមជម្រាបថា ក្នុងជំនួបដដែលឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និង​ស្វាគមន៍​ដំណើរបំពេញ​ទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្រប​សម្រួល​ការ​អនុវត្ត​បទ​ឈប់បាញ់ និងវិលត្រលប់ទៅរកភាព​ប្រក្រតីឡើងវិញ។ឯកឧត្តមបានសំណូមពរដល់ឯកឧត្តម នាយ​ឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដាន​សភាពការណ៍ និងសម្របសម្រួលក្រុម​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទ​ឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួល​បានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់​ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឱ្យប្រាកដនូវនីតិវិធី និងដំណើរការ​អនុវត្តកិច្ចព្រមព្រៀងបទ​ឈប់​បាញ់ប្រកបដោយលទ្ធផលល្អ៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner