អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាប្រកាន់យកសន្តិភាពដើម្បីសេចក្តីសុខសាន្ត និងការអភិវឌ្ឍប្រទេស ហេតុនេះ ពុំមានហេតុផលដែលកម្ពុជារំលោភបទឈប់បាញ់ឡើយ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាគឹជាប្រទេសមួយប្រកាន់យកនូវសុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការរកសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងពិសេសការអភិវឌ្ឍប្រទេសជាតិ ហេតុនេះ គ្មានហេតុផលអ្វីដែលកម្ពុជាទៅរំលោភបំពាននៃកិច្ចព្រមព្រៀង បទឈប់បាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃនោះឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱ្យដឹងថា ក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយនេះ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ហេតុនេះកម្ពុជាពុំមានហេតុផលណាមួយក្នុងការរំលោភបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា កម្ពុជារកបានសន្តិភាពពេញលេញដោយលំបាកលំបិនកាលពីថ្ងៃ២៩ ធ្នូ ១៩៩៨ ដោយនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ហេតុនេះកម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបានទើបមានពេលកសាងអភិវឌ្ឍន៍ប្រទេស ដូច្នេះ ជម្លោះប្រដាប់អាវុធ ឬក៏សង្រ្គាមគឺជាអ្វីដែលកម្ពុជាខិតខំ និងត្រូវចៀសវាងជាទីបំផុត។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានលូតលាស់ដូចសព្វថ្ងៃនេះ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាផ្ដល់តម្លៃខ្ពស់ណាស់ដល់ការថែរក្សាសុខសន្តិភាពឱ្យទាល់តែបាន បើទោះជាក្នុងតម្លៃណាក៏ដោយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បាមថ្លែងដែរថា ៖ចុងក្រោយនេះ កម្ពុជាបានឮការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន ហើយឥឡូវនេះបានឮពាក្យមួយទៀតថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃ២៨ កក្កដា ឆ្នាំ២០២៥នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ទាំងអស់នេះ សុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយនឹងស្ថានភាពប្រទេសកម្ពុជាទាល់តែសោះ៕ដោយ៖ម៉ាដេប៉ូ

