ធនាគារជាតិនៃកម្ពុជា សម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជនពលី ឬអ្នករួមខ្ចីជាយោធិនពលី ក្រោយការអំពាវនាវពីសម្តេចធិបតី

ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់១០លានរៀល របស់យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ ។ យោងតាមសេចក្តីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ការលុបចោលនេះ បានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្នុងសេចក្តីណែនាំនោះ ធនាគារជាតិបានសម្រេចដាក់ចេញនូវសេចក្តីណែចំនួន៤ចំណុច រួមមាន៖

១ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។

២ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ។ ធនាគារជាតិ បានបញ្ជាក់លើចំណុចនេះថា ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមឡើយ ។ បន្ថែមពីនោះទៀត ត្រូវលុបចោលឥណទានរហូតដល់ ១០លានរៀល របសអតិថិជនជាយោធិនពិការនៅសមរភូមបច្ចុប្បន្ន និងត្រូវលុបចោលឥណទានរហូតដល់ចំនួន ៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី ។

៣ ធនាគារជាតិ តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។

៤ ធនាគារជាតិក៏លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ផងដែរ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner