រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ព្រមទាំងទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខា

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពី ទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំងសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាលបានចរចាបទឈប់បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនៅរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូទ្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។

តមក ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខារ សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនជនភៀសសឹក និងកងកម្លាំងការពារតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមសប្បុរសជន Domax 4WD សម្រាប់ការនាំយកជំនួយជូនកងកម្លាំងដ៏អង់អាចដែលត្រៀមខ្លួនជានិច្ចដើម្បីការពារអធិបេតយ្យភាពជាតិ និងបូរណភាពទឹកដី ។

ក្នុងនារសៀលថ្ងៃដដែល ឯកឧត្តម ប្រធានក្រុមការងារ បន្តអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព វត្តសំបូរសាមគ្គីប្រាសាទមានជ័យ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ប្រធានក្រុមការងារ បន្តអញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner