Breaking News ៖ រញ្ជួយដីក្នុងកម្រិត ៨.៨ រ៉ិចទ័រ បង្ករលកយក្សស៊ូណាមិនៅរុស្ស៊ី និងជប៉ុន
តូក្យូ ៖ គ្រោះរញ្ជួយដី ៨.៨ រ៉ិចទ័រ ដែលជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយក្នុងពិភពលោក បានវាយប្រហារតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃ៣០ ខែកក្កដា បង្កឱ្យមានរលកយក្សស៊ូណាមិនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងជើង និងជំរុញឱ្យមានប្រកាសអាសន្ននៅរដ្ឋ Alaska, Hawaii និងឆ្នេរសមុទ្រភាគខាងត្បូងផ្សេងទៀតឆ្ពោះទៅរកប្រទេសនូវែលសេឡង់។
សេចក្តីរាយការណ៍របស់សារព័ត៌មាន AP បានឱ្យដឹងថា ស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិបានបន្លឺឡើង កាលពីថ្ងៃអង្គារ ក្នុងទីក្រុង Honolulu ហើយមនុស្សត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់សុវត្ថិភាព។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ ៤០សង់ទីម៉ែត្រ បានកើតឡើងនៅក្នុងទីក្រុង Tokachi នៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះហុកកៃដូ ភាគខាងជើងបំផុតនៃកោះសំខាន់ៗរបស់ប្រទេសជប៉ុន។
រីឯតំបន់រុស្ស៊ីដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅលើឧបទ្វីប Kamchatka បានរាយការណ៍ពីការខូចខាត និងការជម្លៀសខ្លួនមនុស្ស ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរនោះទេ៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា





