សម្ដេចធិបតីនាយករដ្ឋមន្រ្តី ៖ សាច់ញាតិបង្កើតមួយរូប របស់យោធិន និងនគរបាលជាតិដែលពលី ឬពិការភាព នឹងទទួលបានក្របខណ្ឌ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំ នូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដី នៅពេលនេះ” ។
លើបណ្ដាញទំនាក់ទំនងសង្គមនារាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា ៖”ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន”។
សម្ដេចធិបតីបន្តថា ទី១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការ ក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ ៖ រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្ត នូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ខ្ញុំបានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំ នូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដី នៅពេលនេះ។
ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ ។
សម្ដេចធិបតីបន្តថា ទី២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការ ក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ៖
. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
. ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕
ដោយ ៖ វណ្ណលុក