៦ខែ ពិភពលោកខាត ១៣០ ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ
ប៊ែរឡាំង ៖ ភ្លើងឆេះព្រៃ ខ្យល់ព្យុះ រញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត បានដុតបំផ្លាញសេដ្ឋកិច្ចពិភពលោកប្រមាណ ១៣១ ពាន់លានដុល្លារ ក្នុងកំឡុងឆមាសទីមួយ នៃឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Munich Re នៅថ្ងៃទី២៩ ខែកក្កដា។
ក្នុងចំណោមចំនួនសរុបនោះ លុយប្រហែល ៨០ ពាន់លានដុល្លារត្រូវបានចំណាយលើការធានារ៉ាប់រង ដែលនេះជាការចំណាយខ្ពស់បំផុតទីពីរដែលមិនធ្លាប់មានសម្រាប់ឆមាសទីមួយនៃឆ្នាំនេះចាប់តាំងពីអាល្លឺម៉ង់បានចាប់ផ្តើមតាមដានទិន្នន័យក្នុងឆ្នាំ១៩៨០។
ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមនៃទីក្រុងមុយនិច លោក តូប៊ីយ៉ាស់ ហ្គ្រីម និយាយថា សារនេះគឺច្បាស់លាស់ណាស់ ពិភពលោកនៅតែបន្តក្តៅ ហើយមហាសមុទ្រក៏កំពុងឡើងកំដៅ ដូច្នេះការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា ភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងខែមករា នៅតំបន់ ឡូស អាន់ជីឡេស គឺជាគ្រោះមហន្តរាយបង្កការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដែលបណ្តាលឱ្យមានការខាតបង់រហូតដល់ ៥៣ ពាន់លានដុល្លារ។
វាគឺជាភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតក្នុងកំណត់ត្រា ដែលនាំឲ្យមានការខាតបង់សរុប និងការចំណាយលើការធានារ៉ាប់រងហក់ឡើងជិតពីរដងធៀបនឹងឆ្នាំ២០១៨ ដែលនេះជាកំណត់ត្រាឆ្នាំមុន។
បើតាមលោក ថូម៉ាស់ ប្លន់ សមាជិកក្រុមប្រឹក្សាភិបាលនៃទីក្រុងមុយនិច ការប្រែប្រួលអាកាសធាតុគឺជាការពិត ហើយកំពុងផ្លាស់ប្តូរជីវិតនៅលើផែនដី។ ហេតុដូច្នេះ មនុស្ស អាជ្ញាធរ និងក្រុមហ៊ុនត្រូវតែសម្របខ្លួនទៅនឹងកាលៈទេសៈថ្មី៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

