រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា និងថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណប្រតិភូអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីមកកម្ពុជា។ នៅថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងនៅបញ្ហាព្រំដែនកម្ពុជាថៃ។ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ប្រជុំគណៈកម្មាការកិច្ចព្រំដែនទូទៅ (GBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ជាជំហានបន្ទាប់ដើម្បីធានាទៅដល់ការអនុវត្តពេញលេញនិងម៉ឺងម៉ាត់នៅការឯកភាពគ្នាត្រូវបានបង្កើតនៅយន្តការនិងត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការណ៍នឹងត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់។ ការវិវត្តន៍មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងបង្កើតក្រុមសង្កេតការណ៍មានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធានដើម្បីចេញអង្កេតការណ៍នៅថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងគោលបំណងសំខាន់ គឺធ្វើឱ្យប្រាកដនៅនីតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។

សូមបញ្ជាក់ថា មុននឹងចុះពិនិត្យសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែនជម្លោះរវាងកម្ពុជា និងថៃ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចូលជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយក្នុងកិច្ចជំនួបនោះ អគ្គមេបញ្ជាការម៉ាឡេស៊ី បានបង្ហាញនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នារបស់កម្ពុជា៕
ដោយ៖ពលជ័យ

ads banner