ឯកឧត្ដម ហ៊ុន ម៉ានី ៖ លទ្ធផលនៃសង្រ្គាម មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ និងបង្ហាញក្តីសោកសង្រេង ពេលឃើញភូមិឋានតាមព្រំដែនស្ងាត់ជ្រងំ
(ភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា លទ្ធផលនៃសង្រ្គាមឈ្លានពាន ដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ដែលធ្វើឱ្យភូមិស្ថានដែលធ្លាប់តែអ៊ូអរ ប្រែក្លាយជាស្ងាត់ជ្រងំ ដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ» ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលារៀនមួយចំនួននៅតាមឃុំស្រុក ក្នុងតំបន់ដែលទទួលរងនូវការវាយប្រហារ ត្រូវបានផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរំខានយ៉ាងខ្លាំងដល់សិស្សានុសិស្សទាំងអស់ បើទោះបីជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃក៏ដោយ ។
ឯកឧត្ដម លើកឡើងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទីជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូនដល់បងប្អូនប្រជាជនភៀសសឹក ចាកចេញពីភូមិដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពាន ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបងប្អូនជនភៀសសឹកមួយចំនួន ក៏បាន និងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន ដោយក្ដីសង្ឃឹម បន្ទាប់ពីមន្ត្រីសន្តិសុខ បានវាយតម្លៃថា ស្ថានការណ៍ព្រំដែន មានសុវត្ថិភាពឡើងវិញ ក្រោយការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ប្រជាជន ។
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ចាក់ថា កម្ពុជា ចង់បានតែសន្តិភាព ហើយយើងតែងតែប្រកាន់ខ្ជាប់ នូវជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ៕











ដោយ ៖ វណ្ណលុក