ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំគណៈប្រតិភូចូលរួម «សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៥» នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

(សៀងហៃ)៖ នៅថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (WAIC) ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Li Qiang នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យា អ្នកវិទ្យាសាស្រ្ត អ្នកធ្វើគោលនយោបាយ មកពីប្រមាណ ៤៤ប្រទេសនៅជុំវិញពិភពលោក។

សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត គឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិកំពូលមួយដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ និងអ្នកធ្វើគោលនយោបាយ ដើម្បីដាក់បង្ហាញអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពិភាក្សាអំពីអភិបាលកិច្ចនិងឥទ្ធិពលសង្គមនៃបញ្ញាសិប្បនិម្មិត ។

ក្នុងឱកាសនៃការចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (WAIC) ឯកឧត្តម សំ សិទ្ធិសេរី និងគណៈប្រតិភូបានទស្សនកិច្ចពិព័រណ៍របស់សន្និសីទ ដើម្បីស្វែងយល់ពីនវានុវត្តន៍ចុងក្រោយបង្អស់ក្នុងវិស័យ Generative AI, Large Language Models, ដ្រូន និងមនុស្សយន្តផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាពិភាក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសកល ដោយឯកឧត្តមបានគូសបញ្ជាក់ពីគោលនយោបាយស្នូលពីរដែលជាមគ្គុទេសន៍ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិតនៅកម្ពុជាគឺ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។

ឯកឧត្តមបានបន្ថែមថា ក.ប.ទ. ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំការរៀបចំគោលនយោបាយ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតជាតិ។

សមិទ្ធផលថ្មីៗដែល ក.ប.ទ. សម្រេចបានថ្មីៗនេះរួមមាន ការដាក់ឱ្យដំណើរការដោយជោគជ័យនូវវិធីសាស្ត្រវាយតម្លៃភាពរួចរាល់បញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូ (RAM) និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់ តំណាងអោយគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍនិងគ្រឹះស្ថានអប់រំ។ល។ ក.ប.ទ. ដែលមានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាសេនាធិការ បាននឹងកំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពបង្កើតមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិត និង វិទ្យាសាស្ត្រទិន្នន័យ។

ក.ប.ទ. ក៏កំពុងរៀបចំបង្កើតឱ្យមានសួនឌីជីថលជាតិថ្មីមួយដែលប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ធុរកិច្ចថ្មីឌីជីថល និងកម្មវិធីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ឯកឧត្តម បានអំពាវនាវឱ្យមានភាពជាដៃគូសកលក្នុងស្មារតីបើកចំហ និងកិច្ចសហប្រតិបត្តិការប្រកបដោយ ការប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាអោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបម្រើដល់មនុស្សជាតិទាំងអស់ ជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមអោយកាន់តែខ្លាំង និងកាត់បន្ថយហានិភ័យជាអប្បបរមាពីការប្រើប្រាស់បញ្ញាសប្បនិម្មិតមិនត្រឹមត្រូវ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner