រដ្ឋមន្រ្តីការងារ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាលើកស្ទួយសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសថៃ

(ភ្នំពេញ)៖ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ឯកឧត្ដមរដ្ឋមន្ត្រីក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍លើការលេចចេញនូវសកម្មភាពរើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់ក្រុមជ្រុលនិយមថៃ។

ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននិងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។

ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តិអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តដោយជោគជ័យនូវ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) នាពេលកន្លងមកនេះ។

នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ដែលអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស របស់អង្គការ ILO ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោម ៨ប្រទេសខាងលើ ដែលបានអនុវត្តកម្មវិធីនេះយូរជាងគេ ពោលគឺចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺកម្ពុជាកំពុងអនុវត្តដំណាក់កាលទី៦។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំ ដើម្បីធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយតំណាងត្រីភាគី និងដៃគូ ពាក់ព័ន្ធ, និងការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមការងារនានា ដែលស្របទៅតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានលើកជាសំណូមពរដល់ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner