លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយ របស់សម្តេចធិបតីទៅជូនជនភៀសសឹកនៅស្រុកចំនួនបីនៃខេត្តសៀមរាប
សៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាសើចាំបាច់ជាច្រើនមុខទៅជូនដល់ប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារ ដែលភៀសសឹកពីតំបន់មាន ជម្លោះព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាព នៃស្រុកក្រឡាញ់ ស្រីស្នំ និងអង្គរជុំ ខេត្តសៀមរាប។

ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវបណ្តាំសាកសួរ សុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ពីសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនភៀសសឹក។លោកជំទាវក៏បានលើកឡើង ពីផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងកងទ័ព និងជនស៊ីវិលស្លូតត្រង់។លោកជំទាវបន្ថែមថា ជួបទុក្ខលំបាកនេះធ្វើឱ្យ យើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ខេត្តមានប្រជាជនភៀសសឹកជម្លៀសមកខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន១៣៨ទីតាំងនៃ១៣ក្រុងស្រុក៕
ដោយ៖ប៊ុនរដ្ឋា

