អំណោយសប្បុរសជនតាមរយ:អាជ្ញាធរខេត្តបាត់ដំបង ត្រូវបាននាំយកទៅដល់គោលដៅ
បាត់ដំបង៖ទោះជានៅកន្លែងខ្លះត្រូវធ្វើដំណើរក្រោមដំណក់ទឹកភ្លៀង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីក្រុមការងារនៃរដ្ឋបាលខេត្តបាននាំយកអំណោយរបស់សប្បុរសជន ទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងមន្រ្តីរដ្ឋបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយរបស់សប្បុរសជនដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង រួមមាន ស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។

នៅគ្រប់គោលដៅដែលអញ្ជើញទៅដល់ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះ គឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខ ក្រោមស្មារតីស្នេហាជាតិ តាមរយៈស្មារតី សមរភូមិក្រោយជួយសមរភូមិជួរមុខ។

ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងនៅក្នុងនិងក្រៅខេត្តដែលបានឧបត្ថម្ភគាំទ្រ ជាថវិកា គ្រឿងឧបភោគបរិភោគ និង សម្ភារ:ប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់ប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដូចសម្រេចបាននាពេលនេះ។ឯកឧត្តមក៏បានអំពាវនាវសូមបន្តការរួមចំណែកក្នុងស្មារតីខ្មែរជួយខ្មែរបន្ថែមទៀត៕
អត្ថបទ- រូបភាព៖ អ៊ុក សំអាន ប.ប

