ក្រសួងការបរទេស ថាថៃកំពុងចោទកម្ពុជាពីការរំលោបទឈប់បាញ់ ខុសពីការពិត
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រកាសនៅថ្ងៃពុធ ទី ៣០ ខែកក្កដានេះថា ប្រទេសថៃ បានចោទប្រកាន់ប្រទេសកម្ពុជាពីការរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ផ្ទុយពីការពិត ដោយព្រមានពីការបង្កឲ្យមានភាពផុយស្រួយពីភាគីថៃ។
កាលពីថ្ងៃអង្គារ ទី ២៩ ខែកក្កដា ប្រទេសថៃបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាននៅពាក់កណ្តាលអាធ្រាតថ្ងៃទី ២៨ ខែដដែលនេះ។
មានប្រាសាសន៍ក្នុងក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងភ្នំពេញ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លើកឡើងថា ភាគីថៃ បន្តការចោទប្រកាន់ដើម្បីទម្លាក់កំហុសមកលើកម្ពុជា។ ហើយនោះគឺជាការចោទប្រកាន់ដែលផ្ទុយពីការពិត និងជាការចោទប្រកាន់ដោយគ្មានភស្តុតាង។
ឯកឧត្តម បកស្រាយថា «កងកម្លាំងប្រដាប់អាវុធកម្ពុជាបានគោរពយ៉ាងត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ»។ ហើយការវាយប្រហារតាមរយៈការចោទប្រកាន់មកលើកម្ពុជា«នឹងបង្កគ្រោះថ្នាក់ រួមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដល់សមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានរហូតមកដល់ពេលនេះ»។
ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី ក៏បានច្រានចោលការចោទប្រកាន់របស់ប្រទេសថៃ ដែលថាកងទ័ពកម្ពុជាមានគោលដៅវាយប្រហារលើជនស៊ីវិល និងបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស»។
ឯកឧត្តម បញ្ជាក់ថា នេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានសំអាងទាល់តែសោះ។ ហើយកម្ពុជាជានិច្ចជាកាលគោរពទៅកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន រួមទាំងអនុសញ្ញាអូតាវ៉ា ក្នុងការទុបស្កាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំង មនុស្ស។
កាលពីព្រឹកថ្ងៃពុធនេះដែរ អនុព័ន្ធយោធាមកពីប្រទេសចំនួន ១៣ ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី បារាំងចិន និងប្រទេសសមាជិកអាស៊ាន ផងដែរ បានចុះទៅពិនិត្យតំបន់ព្រំដែនដើម្បីតាមដានដោយផ្ទាល់ពីការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និថៃ។
ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនេះ បានត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងលើបទឈប់បាញ់ដោយគ្មានលម្អៀតនោះទេ៕
ដោយ៖៖ម៉ាដេប៉ូ