អាល្លឺម៉ង់គ្រោងជះលុយរាប់ពាន់ដុល្លារ ទិញយន្តហោះចម្បាំង និងរថពាសដែកបន្ថែម
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់កំពុងរៀបចំផែនការជះលុយរហូតដល់រាប់ពាន់លានដុល្លារ ទិញឧបករណ៍យោធាជាច្រើន ក្នុងនោះរួមមានយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង រថពាសដែក Boxer ចំនួន ៣.០០០គ្រឿង និងរថពាសដែក Patria ចំនួន ៣.៥០០គ្រឿង នេះបើតាមប្រភពចំនួនពីរដែលដឹងពីផែនការនេះ ប្រាប់កាសែតរ៉យទ័រ។
កាសែតរ៉យទ័របានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដាថា ប្រភពបានបង្ហើបឱ្យដឹងថា ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter តែមួយប៉ុណ្ណោះ ត្រូវបានរំពឹងថា នឹងមានតម្លៃចន្លោះពីជាង ៤ ទៅ ៥ ពាន់លានដុល្លារ។
រីឯការបញ្ជាទិញរថពាសដែក Boxer ដែលផលិតដោយក្រុមហ៊ុន KNDS និង Rheinmetall ត្រូវបានប៉ាន់ស្មានថា មានតម្លៃជាង ១១ពាន់លានដុល្លារ និងការបញ្ជាទិញរថពាសដែក Patria ត្រូវបានរំពឹងថា មានតម្លៃជាង ៨ពាន់លានដុល្លារ។ ប្រភពបានឱ្យដឹងទៀតថា ការដឹកជញ្ជូនចែកចាយរថពាសដែក Boxer និងរថពាសដែក Patria ត្រូវបានរំពឹងថា នឹងធ្វើឡើងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ជាងនេះទៅទៀត ក្រសួងការពារជាតិអាល្លឺម៉ង់ក៏កំពុងជំរុញផែនការទិញប្រព័ន្ធការពារដែនអាកាស IRIS-T បន្ថែមទៀត និងប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើក SkyRanger ដល់ទៅរាប់រយគ្រឿងផងដែរ ប៉ុន្តែព័ត៌មានលម្អិតហិរញ្ញវត្ថុសម្រាប់ការទិញយកទាំងនោះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ផែនការទិញយោធូបករណ៍ខ្នាតយក្សនេះ គឺជាផ្នែកមួយនៃការជំរុញរបស់លោកអធិការបតី Friedrich Merz ក្នុងការពង្រឹងកងទ័ពអាល្លឺម៉ង់ឱ្យកាន់តែមានឥទ្ធិពលបំផុតនៅអឺរ៉ុប កាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តអាមេរិក និងបង្កើនការទទួលខុសខ្ពស់សម្រាប់សន្តិសុខអឺរ៉ុបទាំងមូល។
កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានព្យាករណ៍ថា នឹងហក់ឡើងដល់ទៅ ៩៥.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ តួលេខនេះកើនឡើងជាង ២៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៥។ លោកអធិបតីអាល្លឺម៉ង់ Merz ក៏បានសន្យាដែរថា នឹងបំពេញតាមគោលការថ្មីរបស់ណាតូ ក្នុងការបង្កើនការចំណាយហក់ឡើងដល់ ៣.៥% នៃ GDP លើវិស័យការពារជាតិនៅត្រឹមឆ្នាំ២០២៩៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា


