“មូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យ កម្ពុជាឱ្យទៅ​ជាការ​ពិត នៅឆ្នាំ២០៥០”

(ភ្នំពេញ)៖ ថ្លែងសន្ទរកថាបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើ​សេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន» ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន​មាន​ប្រសាសន៍ថា “មូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យ​កម្ពុជា​ឱ្យទៅជាការពិត នៅឆ្នាំ២០៥០ ខាងមុខ”។ ប្រយោគនេះ សំដៅលើការ​អភិ​វឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកប ដោយជោគជ័យ​របស់​ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។ ដូចនេះ ការពង្រីក និងការពង្រឹងមូលធនមនុស្សគឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និងសកលលោក។

មុនថ្លែងប្រសាសន៍នេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា “ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ក្នុងនាម​ខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់​ចំ​ពោះ​ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រុមការងារបច្ចេកទេសរបស់​ក្រសួង​មុខងារសាធា​រណៈ និងក្រសួងអប់រំ យុវជន និងកីឡា អនុគណៈកម្មាធិការគ្រប់គ្រងធនធាន​មនុស្ស ស្ថាប័ន និងបៀវត្ស អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់​រដ្ឋបាល​សាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលា​ដ៏មាន​សារៈ​សំខាន់នេះឡើង។”

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តថា “រាជរដ្ឋាភិបាលតែងតែផ្តោត​អាទិភាព​វិនិយោគលើ «មូលធនមនុស្ស» ដែលជាធនធានដ៏ចាំបាច់មិនអាចខ្វះបាន​សម្រាប់​គ្រប់ការអភិវឌ្ឍសុខភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ការបង្កើតតម្លៃបន្ថែម ការទាក់ទាញ​វិនិ​យោគ ការលើកកម្ពស់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឈរលើ​ស្មារតីនេះ ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យអប់រំ តាមអភិក្រម សម្តេចមហា​បវរធិបតី នាយករដ្ឋមន្រ្តី គឺ «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដែលប្រៀបបាន​នឹង «បេះដូងនៃប្រព័ន្ធអប់រំ» តាមរយៈការគ្រប់គ្រង ការផ្ទេរ ការលើកទឹកចិត្ត ការ​បណ្តុះ​បណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តី គឺត្រូវគិតគូររៀបចំឱ្យបានច្បាស់​លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យប្រព័ន្ធអប់រំកម្ពុជា អាចពង្រឹងសមត្ថភាព​ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងអាចត្រៀមខ្លួនរួច​ជាស្រេច ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័ស និង​ពិបាកប៉ាន់ស្មាននូវសភាពការណ៍សង្គមសេដ្ឋកិច្ច ទាំងក្នុងកម្រិតតំបន់ និង​សា​កល។”​ ឯកឧត្តម បានបន្ថែម។

ឯកឧត្តម យក់ ប៊ុនណា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាពេញមួយថ្ងៃនេះ សិក្ខា​កាមទាំងអស់នឹងទទួលបានព័ត៌មានពេញលេញ យល់ដឹងបានកាន់តែច្បាស់ លើ​ការ​រៀបចំព្រះរាជក្រឹត្យថ្មីនេះ។ ទន្ទឹមនេះ តាមរយៈនៃការរៀបចំព្រះរាជក្រឹត្យថ្មីនេះ អាច​នឹងផ្តល់ជាលទ្ធផលរំពឹងទុកមួយចំនួនដូចជា៖ ១.ការលើកកម្ពស់គុណតម្លៃ​បុគ្គលិក​អប់រំ តាមរយៈការបណ្តុះបណ្តាល ការពង្រឹង​និងអភិវឌ្ឍសមត្ថភាពមន្រ្តី ដើម្បីធានា​ប្រសិទ្ធភាពក្នុងការអនុវត្តការងារ រួមជាមួយ​ការលើកទឹកចិត្ត ឱកាស និងការវិវត្តន៍​អាជីព​ជាបុគ្គលិកអប់រំ ២.ការពង្រឹង និង​អភិវឌ្ឍ​សមត្ថភាពស្ថាប័នអប់រំនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើក​កម្ពស់គុណភាពនៃការផ្តល់សេវាអប់រំ​ឱ្យកាន់​តែល្អប្រសើរ និងខិតជិតប្រជាពលរដ្ឋ ៣.ការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង​បុគ្គ​លិកអប់រំ ប្រកបដោយផលិតភាព វិន័យ និងសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវ​ការ​បង្កើន​ទំនុកចិត្តរបស់​ប្រជាពលរដ្ឋ​លើ​វិស័យអប់រំកម្ពុជា៕

ដោយ ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner