កម្ពុជាពុំបានធ្វើសកម្មភាពណាមួយឡើយ ដែលជាការរំលោភលើបទឈប់បាញ់ ដូចការចោទប្រកាន់ពីភាគីថៃ
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធដាច់អហង្ការ ចំពោះសេចក្តីប្រកាសរបស់ក្រសួងការ បរទេសថៃ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជាបានថ្លែងក្នុងសន្នីសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថាមកដល់ពេលនេះគឺកងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ សោះឡើយ ដែលចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាដូចភាគីថៃចោទប្រកាន់។
ឯកឧត្តមបញ្ជាក់ថាជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុង ក្នុងការបន្តប្រឌិតរបស់ភាគីថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់បន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។ កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធ ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្សដោយមិនចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា”។
អ្នកនាំពាក្យក្រសួងការបរទេសថ្លែងដោយផងថា”កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី»។
ជាមួយគ្នានេះឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូ រទៅលើគោលដៅចម្បង ក្នុងស្តារ សន្តិភាព និងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍ នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុង តំបន់ទាំងមូល។ ក្នុងន័យនេះ កម្ពុជាសូមវាយត ម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការ បង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍ សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្ត យ៉ាងមានប្រសិទ្ធភាពតាមការព្រមព្រៀងគ្នា៕ដោយ៖ម៉ាដេប៉ូ




