លោក ត្រាំ ៖ អាមេរិក-កូរ៉េខាងត្បូងត្រូវរូវគ្នា រឿងពន្ធហើយ

បរទេស ៖ លោក Trump បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជុំវិញរឿង ពន្ធគយ ជាមួយកូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មធំបំផុត លំដាប់ទី៦ របស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក រូបនេះ បានប្រកាស កាលពីថ្ងៃពុធថា លោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកូរ៉េខាងត្បូង។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា ទំនិញរបស់កូរ៉េខាងត្បូង នឹងប្រឈមមុខនឹងពន្ធ ១៥% ដែល ទាបជាង ការកំណត់ ពីមុន ដែលធ្លាប់មាន ដល់ទៅ ២៥% ខណៈដែលការនាំចូល របស់សហរដ្ឋអាមេរិក ទៅកាន់កូរ៉េខាងត្បូង នឹងមិនប្រឈមមុខនឹងពន្ធ ឡើយ។

លោក បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងបើកការធ្វើពាណិជ្ជកម្ម ហើយនឹងទទួលយក រថយន្ត របស់សហរដ្ឋអាមេរិក។ កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក ដែលឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាល របស់លោក Trump នៅមុនថ្ងៃផុតកំណត់ ត្រឹមថ្ងៃសុក្រនេះ។

បន្ថែមពីលើពន្ធ ១៥% លោក Trump បាននិយាយថា ក៏មានកិច្ចព្រមព្រៀង វិនិយោគ ផ្សេងៗទៀត ផងដែរ។ អាមេរិកបាននាំចូលទំនិញកូរ៉េខាងត្បូង តម្លៃ ១៣១.៥ ពាន់លានដុល្លារ ហើយកូរ៉េខាងត្បូងវិញ បានទិញទំនិញអាមេរិក ចំនួន ៦៥.៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន៕

ប្រភពពី CBS ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner