ក្រុម Houthi បញ្ចេញយន្តហោះដ្រូនវាយលុកគោលដៅយោធាអ៊ីស្រាអែល
សាណាអា ៖ ក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែននិយាយថា ខ្លួនបានបញ្ចេញយន្តហោះគ្មានមនុស្សបើកចំនួន ៥គ្រឿងទៅវាយប្រហារគោលដៅយោធាអ៊ីស្រាអែលចំនួន ៣ទីតាំង នៅថ្ងៃទី៣០ ខែកក្កដា ខណៈភ្លាមៗនៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសនៅឡើយទេ។
អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ al-Masirah ថា យន្តហោះដ្រូនចំនួន៥គ្រឿងរបស់ក្រុមខ្លួន បានបើកការវាយលុកគោលដៅយោធាអ៊ីស្រាអែលនៅក្នុងទីក្រុង Tel Aviv, Ashkelon និង Negev។ លោកថា ប្រតិបត្តិការនេះបានទទួលជោគជ័យ និង បានសម្រេចគោលដៅទាំងស្រុង។
ជាមួយគ្នានេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្ទាក់ចាប់យន្តហោះដ្រូនដែលនបញ្ជូនចេញពីទឹកដីយេម៉ែន មុនពេលវាចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល។
ប៉ុន្តែខាងភាគីអ៊ីស្រាអែលមិនបានរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសនោះទេ គ្រាន់តែបានបង្ហើបថា ស៊ីរ៉ែនវាយប្រហារតាមអាកាសមិនបានបន្លឺសំលេងឡើង ដោយសារតែការវាយប្រហារនេះទេ។
នេះជាការវាយប្រហារលើកទីពីរហើយរបស់ក្រុមប្រដាប់អាវុធហ៊ូទី ប្រឆាំងនឹងអ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែលបានរាយការណ៍ពីការស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលរបស់ពួកហ៊ូទីកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។
ក្រុម Houthi ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បាននិងកំពុងកំណត់គោលដៅលើប្រទេសអ៊ីស្រាអែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2023 ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធនៅហ្គាហ្សា។
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា