កម្ពុជា និង ថៃ បានព្រមព្រៀងគ្នាយកថ្ងៃ៤ ខែសីហា សម្រាប់បើកកិច្ចប្រជុំ GBC ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ ក្រោយពីមានការឯកភាពគ្នាអនុវត្តបទឈប់បាញ់កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងបើកកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការលើកឡើងពីសំណាក់ លោកជំទាវឧត្តម សេនី យ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ។
ក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថាក្រោពីពីមាន កិច្ចព្រមព្រៀងឈប់បាញ់ នៅប្រទេសម៉ាឡេស៊ីរួចមកនោះទាំង ភាគីកម្ពុជា និងថៃ បានទទួលភាពជោគជ័យមួយចំនួនគឺធានាថាសង្គ្រាមមិនត្រូវកើតមាន ហើយត្រូវបញ្ចប់ និងត្រូវជំនួសមកវិញនូវសុខសន្តិភាព ។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា៖”កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃបានគោរព និងអនុវត្តនៃកិច្ចព្រម ព្រៀង ហើយបានជួបប្រជុំគ្នានៅកម្រិតថ្នាក់ភូមិភាគ ។ ប្រទេសម៉ាឡេស៊ីក្នុងនាមជា ប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនប្រតិភូ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកដល់កម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរួចហើយផងដែរ” ។
ទាក់ទិនក្នុងរឿងនេះដែរ លោកជំទាវឧត្តម សេនី យ៍ឯក ម៉ាលី សុជាតា ថ្លែងដោយបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី ៣០ ខែកក្កដា ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានរៀបចំកម្មវិធីចុះទៅផ្ទាល់ដោយ មាន គណៈប្រតិភូចំនួន១៣ប្រទេសក្នុងនោះបានចុះទៅដល់ច្រកអានសេះ និងកងពលលេខ៣ ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានឲ្យដឹងភាគីកម្ពុជា-ថៃបានព្រមព្រៀងគ្នាដោយ កំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំGBC ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
លោកជុំទាវលើកឡើងដោយបញ្ជាក់ថា ៖ ទាំងនេះបង្ហាញថាជាជុំហ៊ានដែលកម្ពុជាបានអនុវត្តនូវយន្តការយ៉ាងម៉ឺងម៉ាត់ នូវអ្វីដែលបានឯកភាពគ្នា ហើយជាយន្តការមួយដែលនឹងបង្កើតឱ្យមាន ក្រុមអ្នកអង្កេតការណ៍ក្នុងការអនុវត្តបទឈប់បាញ់ដើម្បីប្រែក្លាយព្រំដែនសន្តិភាពនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ ៕
ដោយ ៖ ម៉ាដេប៉ូ