ប្រជាពលរដ្ឋភៀសសឹក ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី ក្រសួងសុខាភិបាល
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យ បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅតាមស្តង់ប្រចាំការសុខភាព និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស ។
ក្នុងពេលជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានសំដែងភាពរីករាយ និង បង្ហាញពីភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធិភាព ភាពងាយស្រួល ជាមួយស្មារតី ទឹកចិត្តមុតស្រួច រីករាយបម្រើសេវាសុខភាព ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ៕






ដោយ ៖ ហេង សម្បត្តិ