ខែក្រោយ ចិន-រុស្ស៊ីនឹងធ្វើសមយុទ្ធយោធាដែនសមុទ្រ និងផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិក
ប៉េកាំង ៖ ប្រទេសចិនបានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីក្នុងខែសីហា រួមមានសមយុទ្ធដែនសមុទ្រ និងផ្លូវអាកាសនៅជិតទីក្រុងវ្ល៉ាឌីវ៉ូស្តុក និងការល្បាតជើងទឹករួមគ្នានៅតំបន់ប៉ាស៊ីហ្វិក។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែកក្កដាថា សមយុទ្ធយោធាចិន-រុស្ស៊ីនេះ មានឈ្មោះថា “Joint Sea-2025” គឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីជាប្រចាំ ហើយមិនបានសំដៅប្រឆាំងនឹងភាគីទីបីឡើយ។
លោក Zhang បាននិយាយថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងចិន-រុស្ស៊ីក៏នឹងធ្វើការល្បាតជើងទឹកនៅក្នុងដែនទឹកដែលពាក់ព័ន្ធនៃតំបន់ប៉ាស៊ីហ្វិកផងដែរ។ សមយុទ្ធ “Joint Sea-2024” កាលពីឆ្នាំមុន ត្រូវបានធ្វើឡើងនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន។
ចំណែកសមយុទ្ធ “Joint Sea-2025” គ្រោងនឹងធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិនរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលចាប់ផ្តើមនៅចុងខែសីហា។
លោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាចូលរួមព្រឹត្តិការណ៍ដង្ហែរក្បួនយោធា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន ក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា