ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបសំណេះសំណាលជាមួយ ជនភៀសសឹក នៅ ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ជិត ១៥០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់ ។

ឯកឧត្តមក៏បានជម្រាបជូនពីការសម្រេចបាននូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង ១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលសន្តិភាពនឹងត្រឡប់មកដូចដើមវិញ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកនឹងអាចបានត្រឡប់ទៅទីលំនៅវិញ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងការអំពាវនាវដល់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយពិនិត្យលទ្ធភាពសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងជនភៀសសឹកផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ពីភាពអត់ធ្មត់របស់ប្រទេសកម្ពុជា ដើម្បីចៀសវាងនូវសង្រ្គាម ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ អស់រយៈពេលរាប់សតវត្សរ៍ និងស្គាល់ច្បាស់ពីផលលំបាកកើតចេញពីសង្រ្គាម ប៉ុន្តែមិនអាចចៀសវាងបាន ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី ។ ឯកឧត្តមទេសរដ្ឋ​មន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញនិងឆ្លុះបញ្ចាំងពីសាមគ្គីភាព ទឹកចិត្ត និងការស្រឡាញ់ កងទ័ពពីសំណាក់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ក្រុមមេធាវី ក្រុមគ្រូពេទ្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសប្បុរសជនដែលបាននាំមកនូវអំណោយ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាប៊ូដុសខ្លួន ខោខ្លី ខោអាវឈុតមនុស្សចាស់ ខោអាវឈុតកូនក្មេង អាវ សម្ភារៈកូនក្មេង ចាហួយស្ករគ្រាប់ ខោទឹកនោម កន្សែងពោះគោ ៣គីប កន្សែងពោះគោ ភួយ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតជាច្រើន ជូនដល់បងប្អូនជនភៀសសឹកផងដែរ ៕

ដោយ /​គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner